ប្រមុខ E-Sports ប្រកាសស្វែងរកមេដាយមាស មួយគ្រឿង នៅស៊ីហ្គេម ឆ្នាំ២០២៣
ភ្នំពេញៈ លោក ជា ច័ន្ទបរិបូរណ៍ ប្រធានសហព័ន្ធ កីឡាអេឡិច ត្រូនិកកម្ពុជា ( E-Sports) បានមានប្រសាសន៍ថាៈ ក្នុងឋានៈ ជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ យើងត្រូវតែកំណត់គោលដៅ ប្រជែងយកមេដាយមាស ឲ្យបានយ៉ាងតិចបំផុត មួយគ្រឿងដែរ។
សម្រាប់ប្រភេទកីឡា E-Sports នេះ កម្ពុជាគ្រោងរៀបចំដាក់ ចំនួន ៥ វិញ្ញាសា សម្រាប់ឲ្យប្រកួតក្នុងស៊ីហ្គេម ឆ្នាំ២០២៣ តែយើងក៏ត្រូវតែពិនិត្យមើលថា តើវិញ្ញាសាណាខ្លះ ដែលប្រទេសនានា បង្ហាញពីចេតនា ចូលរួម ។ សព្វថ្ងៃនេះ ក្នុងចំណោមវិញ្ញាសាពី ៤ ទៅ ៥ នេះ គឺមានវិញ្ញាសាគោល ២ ដែលពេញនិយម គឺវិញ្ញាសា PUBG Mobile និង វិញ្ញាសា Mobile Legend។ ពីរវិញ្ញាសានេះ កីឡាករកម្ពុជា មានសក្ដានុពលខ្លាំង តែពួកគេស្ថិតនៅក្នុង ប្រភេទអាយុ ក្រោម១៨ឆ្នាំ ហេតុនេះ សហព័ន្ធ ត្រូវកំណត់អាយុកីឡាករ គឺចាប់ពី ១៥ ឆ្នាំឡើងទៅ។
សូមបញ្ជាក់ថា សម្រាប់ស៊ីហ្គេមលើកទី៣១ នៅទីក្រុងហាណូយ ប្រទេស វៀតណាម នាខែឧសភា ឆ្នាំ២០២២ នេះ គេបានកំណត់អាយុកីឡាករ ចាប់ពី ១៨ ឆ្នាំឡើងទៅ ។
កត្តាសំខាន់ របស់សហព័ន្ធ ដើម្បីសម្រេចជោគជ័យ ក្នុងការប្រជែងមេដាយនោះ គឺពង្រឹងលើការលើកផែនការ របស់សហព័ន្ធ និង ការប្រឹងប្រែងឲ្យ អស់ពី សមត្ថភាព មានឆន្ទៈមោះមុត ក្នុងការហ្វឹកហាត់ ដើម្បីបង្កើនគុណភាព បច្ចេកទេស របស់កីឡាករ ម្នាក់ៗ ផ្ទាល់តែម្ដង ។
សូមបញ្ជាក់ថា គណៈកម្មាធិការជាតិ រៀបចំស៊ីហ្គេម លើកទី៣២ (CAMSOC) បានដាក់សន្ទសន៍ មេដាយមាស មួយគ្រឿង ដល់សហព័ន្ធកីឡា E-Sports សម្រាប់២០២៣។ ស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀទណាម គឺជាការចូលរួម ដើម្បីបង្កើន សមត្ថភាព របស់កីឡាករ តែវៀតណាម បានកំណត់យកតែមួយ វិញ្ញាសា ប៉ុណ្ណោះ គឺ Mobile Legend ៕
No comments