តើជាការពិតទេ អធិការរងស្រុកសំរោង នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ មិនចូលធ្វើការគិតតែពីដើរបាញ់មេអាប៉ោងតាមភូមិស្រុក
តើពិតដែរឬទេករណីបែកធ្លាយមួយតាមបណ្តាញសារព័ត៌មាន ដោយចោទប្រកាន់ថា លោក ងោល សុខេង អធិការរង នៃអធិដ្ឋាននគរបាលស្រុកសំរោង ទទួលផែនការងារអក្សរសម្ងាត់ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ មិនចូលធ្វើការនោះទេ គឺមួយថ្ងៃៗ គិតតែពីដើរលេងល្បែងស៊ីសង បាញ់មេអាប៉ោង ពេញស្រុកភូមិ។
នេះបើយោងតាមប្រភពព័ត៌មាន ដែលសារព័ត៌មានយើង ទើបទទួលបាន បានឱ្យដឹងថា៖ អធិការរងស្រុកសំរោង លោក ងោល សុខេង ទទួលផែនការងារអក្សរសំងាត់ មិនចូលធ្វើការឱ្យបានពេញលេញនោះទេ គឺចូលធ្វើតែថ្ងៃចន្ទ័១ថ្ងៃតែប៉ុណ្ណោះ ក្រៅពីថ្ងៃចន្ទ័គាត់ដើរបាញ់មេអាប៉ោងតាមវង់ល្បែងនាៗពេញខេត្តតាកែវ។
ប្រភពព័ត៌មានដដែលបានឱ្យដឹងទៀតថា៖ មូលហេតុដែលលោកអធិការរងរូបនេះ ដើរបាញ់អាប៉ោងបានតាមអំពើចិត្តព្រោះបុគ្គលរូបនេះបានអោយលុយទៅលោក ភី ឆុន អធិការស្រុកសំរោង និងលោក ហុិន សុខេង ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ នៃស្នងការនគរបាលខេត្តតាកែវ ទើបបានជាលោកអធិការរង រូបនេះ ហ៊ានដើរបាញ់មេអាប៉ោងតាមវង់ល្បែងបានតាមតែអំពើចិត្ត។
តាមប្រភពព័ត៌មានដដែលបានបន្ថែមទៀតថា៖ ជាក់ស្តែងកាលពីពេលថ្មីៗនេះ មានប្រជាពលរដ្ឋបានថតជាប់រូបលោក ងោល សុខេង អធិការង ដែលកំពុងតែអង្គុយបាញ់មេអាប៉ោងនិងសុីសងលុយរាប់សិបលានរៀលនៅស្រុកបាទី ខេត្តតាកែវ។
ជុំវិញករណីខាងលើនេះខាងសារព័ត៌មាន «កងមាស» បានទំនាក់ទំនងសុំការបំភ្លឺពី លោក ភី ឆុន អធិការ នៃអធិការដ្ឋាននគរបាលស្រុកសំរោង នៅព្រឹកថ្ងៃទី២៧មករា២០២៣នេះ លោកអធិការស្រុក រូបនោះ បានបដិសេធថាលោកអត់បាន ទទួលលុយពីអធិការរង ម្នាក់នោះទេ ហើយរឿងដើរបាញ់មេអាប៉ោងតាមភូមិស្រុកក៏លោកមិនបានដឹងនោះដែរ។
ចំណែកឯលោក ហុិន សុខេង ស្នងការរងទទួលផែនការងា ព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលរងការចោទប្រកាន់ថាទទួលលុយពី អធិការរង ដែលនោះ ក្រុមការងារសារព័ត៌មានយើងមិនអាចសុំការបំភ្លឺបានទេ ព្រោះគ្មានលេខទូរស័ព្ទ។
យ៉ាងណាមិញករណីខាងលើនេះប្រជាពលរដ្ឋក៏សំណូមពរដ៏លោកឧត្តមសេនីយ៍ទោ ឈៀង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ សូមមេត្តាជួយបើកការស៊ើបអង្កេតពិនិត្យ និងចាត់វិធានការចំពោះករណីខាងលើនេះផងទាន៕
ការិយាល័យនិពន្ធ៖0886655959/077414199
No comments