សន្និសីទអន្តររដ្ឋាភិបាលលើកទី៤ ស្តីពីអង្គរ និងសំបូរព្រៃគុក នឹងរៀបចំនៅទីស្នាក់ការធំនៃអង្គការយូណេស្កូ
សៀមរាប៖ចេញផ្សាយ ថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០២៣
ឆ្លៀតក្នុងឱកាសដ៏មមាញឹក ក្នុងកិច្ចប្រជុំលើកទី៤៥ នៃគណៈកម្មការបេតិកភណ្ឌពិភពលោក នាទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីតសាអូឌី ឯកឧត្ដម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ឯកឧត្ដម ផាន់ ណាឌី រួមជាមួយប្រតិភូដែលមានលេខាធិការវិទ្យាសាស្ត្រអចិន្ត្រៃយ៍ នៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក បានចូលជួបប្រជុំការ ងារជាមួយ ឯកឧត្ដម Lazare Eloundou Assomo ប្រធានមជ្ឈមណ្ឌលបេតិកភណ្ឌនៃអង្គការយូណេស្កូ ដើម្បីពិភាក្សាអំពីការសម្របសម្រួលនានា ក្នុងការត្រៀមរៀបចំសន្និសីទលើកទី៤ នៃអន្តររដ្ឋាភិបាល អំពីអង្គរដែលនឹងប្រព្រឹត្តនាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ នៅទីស្នាក់ការធំរបស់អង្គការយូណេស្កូ នាទីក្រុងប៉ារីស ប្រទេសបារាំង។
នេះបើយោងតាមការឱ្យដឹងពីសំណាក់លោក ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យនៃអាជ្ញាធរជាតិអប្សរា ដែលលោកបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ៧កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ ។
លោកឡុង កុសល បានបញ្ជាក់ថា សន្និសីទអន្តររដ្ឋាភិបាលនេះ នឹងរៀបចំឡើងដើម្បីកំណត់នូវគោលនយោបាយ និងទិសដៅសកម្មភាពនានា សំដៅពង្រឹងប្រសិទ្ធភាព អភិបាលកិច្ចល្អនៃកិច្ចអភិរក្សនិងអភិវឌ្ឍន៍ ប្រកបដោយចីរភាព រមណីយដ្ឋានអង្គរ និងរមណីយដ្ឋានសំបូរព្រៃគុក។
លោកអគ្គនាយករងអាជ្ញាធរជាតិអប្សរារូបនេះ បានឱ្យដឹងទៀតថា គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ត្រូវបានប្រារព្ធឡើងលើកទី១ នៅឆ្នាំ១៩៩៣ នាទីក្រុងតូក្យូ ប្រទេសជប៉ុន ។ លើកទី២នៅឆ្នាំ២០០៣ នាទីក្រុងប៉ារីស ប្រទេសបារាំង និងលើកទី៣ ក្នុងឆ្នាំ២០១៣ នៅប្រទេសកម្ពុជា។ នៅឆ្នាំ២០១៩ គណៈកម្មាធិការនេះ ត្រូវបានពង្រីកសមត្ថកិច្ចបន្ថែម ដល់រមណីយដ្ឋានសំបូរព្រៃគុក ដោយប្តូរឈ្មោះថា គណៈកម្មការអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក ៕
No comments