សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ខ្លាមាស ធីវី អនឡាញ / ទីស្នាក់ការកណ្តាល ៖ ភូមិក្បាលស្ពាន២ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ / ទំនាក់ទំនង / Tele: 088 665 5959 / 077414199

Breaking News

ទៀតហើយ អ្នកសារព័ត៌មាន ត្រូវបានម្ចាស់អាជីវកម្ម បូមខ្សាច់ ធ្វើសកម្មភាព ឆក់យកកាដសំគាល់ខ្លួន រហូតឈានទៅដល់ ហិង្សា!!!

ដោយ :Klameastvonline.com

ទៀតហើយ អ្នកសារព័ត៌មាន ម្នាក់ទៀតហើយ ត្រូវបានមន្ត្រីយោធាម្នាក់ឈ្មោះ ឡាយ រ៉ា ដែលជាម្ចាស់ការដ្ឋានបូមខ្សាច់មួយកន្លែងស្ថិតនៅភូមិអន្លង់រមៀតខាងត្បូង ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ធ្វើសកម្មភាពឆក់យកកាដសំគាល់ខ្លួន រហូតឈានដល់ផ្ទុះហិង្សាចាប់បោកទំលាក់ទឹកបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ បន្ទាប់ពីអ្នកសារព័ត៌មាន រូបនោះ ចុះទៅបំពេញកិច្ចការងារតាមជំនាញវិជ្ជាជីវៈប្រកបដោយក្រមសីលធម៌ ស្ដីពីច្បាប់នៃរបបសារព័ត៌មាន ដោយបានថតផ្តិតយករូបភាពនិងសកម្មភាពមួយចំនួន ជុំវិញទៅហ្នឹងការដ្ឋានបូមខ្សាច់ខាងលើ ដែលបានកំពុងបញ្ចេញសកម្មភាពលាងចម្រាញ់ខ្សាច់បង្ហូរទឹក យ៉ាងអាណាធិបតេយ្យ ដោយគ្មានការត្រួតពិនិត្យពីអាជ្ញាធរពាក់ព័ន្ធ។

តាមប្រភពពីអ្នកសារព័ត៌មាន ដែលជាជនរងគ្រោះបានលើកឡើងថា៖ មូលហេតុដែលខ្លួនចុះទៅថតរូបភាពនិងសកម្មភាពនៅទីតាំងការដ្ឋានបូមខ្សាច់ត្រង់ចំណុចខាងលើ ដោយសារតែបានទទួលដំណឹងពីប្រជាពលរដ្ឋ ថា «ទីតាំងបូមខ្សាច់ខាងលើនេះ បានកំពុងតែធ្វើសកម្មភាពបូមខ្សាច់ លាងសម្អាតខ្សាច់យ៉ាងអណាធិបតេយ្យ ដោយបង្ហូរទឹកចូលក្នុងប្រឡាយ ហូរកាត់ចូលស្រែរបស់ប្រជាពលរដ្ឋ បណ្តាលឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់ការលូតលាស់នូវផលដំណាំស្រូវ ខណៈដែលទឹកដែលបានបង្ហូរចេញពីការចម្រាញ់ខ្សាច់ទាំងនោះ មានសារជាតិកំបោរ ឬសារជាតិផ្សេងៗ ដែលបង្កឱ្យប៉ះពាល់យ៉ាងខ្លាំងដល់គុណភាពដីស្រែរបស់ប្រជាពលរដ្ឋដែលកំពុងតែអាស្រ័យផលនៅផលដំណាំស្រូវ»។

ប្រភពពីអ្នកសារព័ត៌មានដដែលបានបន្តទៀតថា៖ បន្ទាប់ពីខ្លួនបានថតផ្តិតរូបភាពភ្លាមនោះ ស្រាប់តែម្ចាស់ការដ្ឋាន ដែលគេស្គាល់ឈ្មោះ ឡាយ រ៉ា មានមុខរបរជាមន្ត្រីយោធា បានមកឆក់យកកាដសំគាល់ខ្លួនរបស់គាត់ទាំងទទឹងទិស ថែមទាំងមានគីគ្នាបក្សពួកមួយក្រុមធំមកចោមរោមប្រទាក់ប្រទិចគ្នាឃាត់លិចឃាត់កើតដូចជាចោរប្លន់ ខណៈដែលឈ្មោះ ឡាយ រ៉ា បានឆក់យកកាដសំគាល់ខ្លួនរបស់គាត់រត់គេចទៅគេចមក ថែមទាំងបង្កហិង្សាចាំបោកគាត់ឱ្យធ្លាក់ចូលក្នុងប្រឡាយទឹកបណ្តាលឱ្យខូចខាតនូវទូរស័ព្ទ១គ្រឿង។

តាមប្រភពព័ត៌មានដែលសារព័ត៌មានយើងទទួលបានឱ្យដឹងថា៖ លោក ឡាយ រ៉ា ជាម្ចាស់ទីតាំងការដ្ឋានបូមខ្សាច់ចំណុចខាងលើនេះ បើកការបូមខ្សាច់នេះមិនមានច្បាប់អនុញ្ញាតគ្រប់គ្រាន់ ពីក្រសួងមន្ទីរស្ថាប័នពាក់ព័ន្ធនោះទេ ហើយការធ្វើអាជីវកម្មបូមខ្សាច់នេះដែរ បានបង្កឱ្យមានផលប៉ះពាល់យ៉ាងខ្លាំង ដល់ដីស្រែពលរដ្ឋដែលរស់នៅអាស្រ័យផលដាំដំណាំស្រូវ ខណៈដែលដីស្រែរបស់ពួកគាត់ត្រូវបាត់បង់ជីវជាតិដោយសារតែការបង្ហូរទឹកចេញពីការដ្ឋានចម្រាញ់ខ្សាច់នេះឯង។

ចំណែកឯលោក អ៊ួច សាវឿន អភិបាលស្រុកកណ្តាលស្ទឹង ដែលល្បីល្បាញថាស្រលាញ់ម៉ាស៊ីនត្រជាក់ ខ្លាចកំដៅថ្ងៃ បានបំភ្លឺកាន់ជើងលោក ឡាយ រ៉ា ម្ចាស់ការដ្ឋានបូមខ្សាច់មួយនេះថា មានច្បាប់អនុញ្ញាតគ្រប់គ្រាន់ត្រឹមត្រូវ ពីក្រសួងមន្ទីរស្ថាប័នពាក់ព័ន្ធ ខណៈដែលលោកអភិបាលស្រុករូបនេះបានបង្ហាញបំភ្លឺនៅឯកសារអាជ្ញាបណ្ណ ឈ្មោះ ឡាង លីហួរ ឯណោះវិញ  ដែលមិនមែនជាឈ្មោះលោក ឡាយ រ៉ា នោះទេ។ ហើយលោក ឡាយ រ៉ា ដែលជាអ្នកបង្កហេតុខាងលើនេះ បានលើកឡើងថាខ្លួនជាម្ចាស់ការដ្ឋានមានច្បាប់ត្រឹមត្រូវ ហើយអ្នកសារព័ត៌មានគ្មានសិទ្ធិមើលច្បាប់អនុញ្ញាតរបស់គាត់នោះទេ ព្រោះជាការងាររបស់មន្ត្រីរ៉ែនិងថាមពល ហើយបើអ្នកសារព័ត៌មានមកធ្វើការរ៉ែ មន្ត្រីរ៉ែមិនអស់ការងារធ្វើ បើសារព័ត៌មានមកធ្វើការរ៉ែអញ្ចឹង។

មហាជននិងអ្នកសារព័ត៌មានជាច្រើនបានលើកឡើងថា៖ ការប្រើអំពើហិង្សាមកលើអ្នកសារព័ត៌មាន ពីសំណាក់មន្រ្តីយោធាឈ្មោះ ឡាយ រ៉ា គឺជាការបំបិទសិទ្ធិសេរីភាពអ្នកសារព័ត៌មាន និងជាការបំពានសិទ្ធយ៉ាងធ្ងន់ធ្ងរ ខណៈដែលអ្នកសារព័ត៌មានកំពុងតែបំពេញតួនាទីការងារ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ដោយប្រកាន់ខ្ជាប់នូវពាក្យស្លោករបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា «មិនបំពានសិទ្ធអ្នកដទៃ មិនបំភ្លៃការពិត» «ផ្សាយតែព័ត៌មានពិត កុំប្រឌិតកំហុសដាក់អ្នកដទៃ»។

ករណីខាងលើប្រជាពលរដ្ឋស្នើសុំដល់អភិបាលនៃគណៈខេត្តកណ្តាលឯកឧត្តម គង់ សោភ័ណ្ឌ និងលោក យិន រដ្ឋា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកណ្តាល សូមជួយចាត់មន្ត្រីជំនាញពាក់ព័ន្ធចុះត្រួតពិនិត្យមើលការដ្ឋានបូមខ្សាច់នៅចំណុចទីតាំងខាងលើនេះផងទាន។

អ្នកសារព័ត៌មានដែលរងគ្រោះ ដោយសារតែការឆក់កាដច្រានទំលាក់ទឹកពីសំណាក់ឈ្មោះ ឡាយ រ៉ា បានសំណូមពរដល់អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធដែលមានលោក ឡេង សុខរុន អធិការនគរបាលស្រុកកណ្តាលស្ទឹង ហើយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល សូមជួយចាត់វិធានការទៅតាមផ្លូវច្បាប់លើជនដែលបានប្រព្រឹត្តឈ្មោះ ឡាយ រ៉ា ផងទាន៕




No comments