លោកយាយ អែម ថៃ អាយុ៧៨ឆ្នាំមានការរន្ធត់ចិត្តជាខ្លាំងក្រោយអាជ្ញាធរខេត្តថា ដីគាត់ជាដីរដ្ឋ និងបានដាក់លិខិតសុំបដិសេធលើកំណត់ហេតុរបស់រដ្ឋបាលខេត្តកណ្ដាល!!!
លោកយាយ អែម ថៃ បានបញ្ជាក់យ៉ាងច្បាស់ៗថា លោកយាយបានទិញដីស្រែប្រាំងទំហំ៤៥៣០មែត្រការ៉េ រួមទាំងទំនប់ស្ទាក់ទឹកតាមាសក្នុងឆ្នាំ១៩៩៧ និង កាន់កាប់ប្រើប្រាស់អាស្រ័យផលជាប់រហូតដល់ឆ្នាំ២០១៩ ទើបមានវិវាទរវាងគ្រួសារខ្ញុំកើតឡើង និងមានការចាក់ដីរំលោភបំពានយកពីក្រុមហ៊ុនមួយដ៏មានឥទ្ធិពល។
លោកយាយបន្តថា កន្លងមករៀងរាល់ឆ្នាំ ពួកគាត់ទាំង៧គ្រួសារ តែងតែចំណាយថវិការដើម្បីជីកស្តារលើកទំបន់រាងស្នែងក្របីទប់ទឹកសម្រាប់ស្រោចស្រពស្រែប្រាំងហើយ មានការខ្វះខាតទឹក មានឆ្នាំខ្លះស្រូវស្កកក៏មាន ប្រជាពលរដ្ឋក្នុងក្រុមប្រាំងមានការលំបាក ក្រោយមកក៏បាន ស្នើសុំមូលនិធិឃុំឱ្យជួយនិងធ្លាប់មានគណៈពង្រឹងបក្សជួយខ្លះដែរ ប៉ុន្តែនៅតែខ្វះខាតទឹកដោយបងប្អូនក្នុងក្រុមចេះតែរុករានដីធ្វើស្រែបន្ថែម អ្នកខ្លះបានតិច អ្នកខ្លះបានច្រើន ការបង្កបង្កើនផលមិនសូវបានទិន្នផល ខ្ពស់នោះទេ។
លោកយាយ អែម ថៃ បច្ចុប្បន្នកំពុងស្រែកហៅរកយុត្តិធម៌ដោយខ្លួនមានជំងឺជាប់កាយបានបន្តទៀតថា សម្រាប់ដីទំនប់ស្ទាក់ទឹកដែលវាស់វែងមានទំហំ ១០៧,២៤៨ម៉ែត្រការ៉េ គឺមិនមែនផ្ទៃដី ទំនប់ស្ទាក់ទឹកទាំងអស់នោះទេ នៅក្នុងនោះមានដីចំណីព្រៃដែលនៅសងខាងព័ទ្ធស្ទើជុំវិញ ពេលវាស់សរុបមើលឃើញធំអីចឹងហើយ ដីមានលក្ខណៈជំរាលទំនាប ទើបទប់ស្ទាក់ទឹកបាន មិនមែនប្រព័ន្ធប្រឡាយ ទឹកធ្លាក់ពីអូរកុងដូចការលើកឡើងនោះទេ ដីទំនប់នេះជាដីក្រុម៤ មាន៧គ្រួសារ កាន់កាប់អាស្រ័យផល ក្រោយឆ្នាំ៨០ជាង និងមានទំនប់ស្ទាក់ទឹកជាច្រើនទៀតរាប់រយរាប់ពាន់គ្រួសារអាស្រ័យផល និងបានលក់ឱ្យក្រុមហ៊ុនផ្សេងៗ សូមមេត្តាកុំភាន់ច្រឡំ គ្រាន់តែឮឈ្មោះទំនប់ទឹក យល់ថាជារបស់រដ្ឋនោះ វាជាការចែង ចែកគ្នាកាន់កាប់អាស្រ័យផលតាមក្រុមតាមភូមិតាមឃុំរៀងៗខ្លួន។
ទន្ទឹមនោះ លោកយាយ អែម ថៃ បានលើកឡើងពីអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន យ៉ាងដូច្នេះថា ចំពោះដីដែលអាចបង្ករ បង្កើនផលបានត្រូវបែងចែកឱ្យប្រជាជនធ្វើកុំទុកឱ្យទំនេរ ហេតុដូច្នេះភូមិបាលស្រុកឃុំក៏ចាត់ចែងទៅតាម ចំនួនសមាជិកនៃគ្រួសារនីមួយៗ ប្រជាជននៅទីនោះពិតជាស្គាល់ច្បាស់ណាស់ថាដីណាជាដីរដ្ឋ ដីណារបស់ប្រជាជន ថ្វីត្បិតពួកខ្ញុំមិនចេះច្បាប់ ឬយល់ដីពីច្បាប់បានតិចតួចក្តីក៏ពួកខ្ញុំមិនហ៊ានលក់ដីរដ្ឋដែរ តែដីទំនប់ស្ទាក់ទឹកនេះជាការចំណាយកំលាំងញើសឈាមរបស់ប្រជាជនដែលខំជីករែកស្តារមានការហត់នឿយ លំបាក មានតែជីវិតអ្នកស្រែទេទើបយល់ច្បាស់ សូមមេត្តាស្តាប់របាយការណ៍ កំណត់ហេតុរបស់លោក អភិបាលស្រុកផង ពិសេសសូមបើកបេះដូងស្តាប់ការអះអាងរបស់ប្រជាពលរដ្ឋ ពិសេសអាជ្ញាធរមូលដ្ឋាន ភូមិឃុំផង គាត់ជាអ្នករស់នៅមូលដ្ឋានផ្ទាល់ គាត់ដឹងស៊ីជម្រៅពីប្រវត្តិសាវតាដី ព្រោះគាត់ជាអ្នករស់នៅ តាំងពីតូចក្រូចឆ្មាមក សូមកុំសូវជឿលើបុគ្គលបក្សពួកក្រុមហ៊ុនពេក ឬជឿលើការថតពីលើអាកាសពេកវា មិនច្បាស់លាស់ទាំងស្រុងនោះទេ។ បើដីទំនប់ស្ទាក់ទឹកនោះ ករកើតឡើងដោយធម្មជាតិ ឬប្រជាពលរដ្ឋរួមភូមិ ឬរដ្ឋជាអ្នកចំណាយជីកស្តារឱ្យប្រើប្រាស់ជារួមដូច ទំនប់អូរកុង ទំនប់ថ្នល់ចាម ទំនប់ឆ្កែលុង នោះ នាងខ្ញុំមិនបដិសេធទេ នេះជាដីក្រុម៤មាន៧គ្រួសារអាស្រ័យផលរួមគ្នា មួយវិញទៀតចំណែក៦គ្រួសារគេ លក់ទទួលបានលុយអស់ហើយ នៅឡើយតែខ្ញុំមួយគ្រួសារត្រូវអាជ្ញាធរខេត្តកណ្តាលលើកឡើងថា ជាដីរដ្ឋ ទៅវិញ តើនេះយុត្តិធម៌ចំពោះរូបខ្ញុំទេ?
លោកយាយ អែម ថៃ បានបន្តឲ្យដឹងទៀតថា លោកយាយមានការលំបាកតស៊ូស្ទើរស្លាប់ស្ទើរស់ ទំរាំឈ្នះក្តីនៅតុលាការ កំពូលយ៉ាងលំបាកបំផុត ដោយសារដីមានការប្រែប្រួល មានការចាក់ដីលុបរំលោភបំពាន មានអ្នកកាន់កាប់ថ្មី និងមានការលួចធ្វើបណ្ណកម្មសិទ្ធិដោយមិនបានឆ្លងកាត់ភូមិស្រុកទៀត ទើបលោកយាយស្នើសុំក្ដីមេត្តាជួយអន្តរាគមន៍ពីឯកឧត្តមអភិបាលខេត្តឱ្យជួយដោះស្រាយសម្របសម្រួលជាមួយនឹងក្រុមហ៊ុន ប៉ុន្តែជាលទ្ធផលត្រូវអាជ្ញាធរខេត្តចាត់ទុកដីទំនប់ស្ទាក់ទឹកជាដីរដ្ឋទៅវិញ។ លោកយាយ អែម ថៃ បានបន្តថា លោកយាយរន្ធត់ចិត្ត ឈឺចិត្តខ្លាំងណាស់ បើឯកឧត្ដមអភិបាលខេត្ត លើកឡើងបែបនេះគឺ លោកយាយត្រូវបាត់បង់ដីហើយ អ្វីដែលសំខាន់គឺធ្វើឱ្យមានការភាន់ច្រឡំក្នុងដំណើការនីតិវិធីនៅតុលាការកំពូលដែលកំពុងមានការប្ដឹងសើរើជម្រះសារថ្មី។
No comments