អង្គរដ្ឋសភាបានធ្វើអនុម័តយល់ ព្រមលើបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភានីតិកាលទី៧ ទាំងមូល នៅថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២៣
ចេញផ្សាយ ថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០២៣
បន្ទាប់ពីពិធីបើកសម័យប្រជុំដំបូងរដ្ឋសភានីតិកាលទី៧ រួចមក នៅព្រឹកថ្ងៃដដែលនេះ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ជាព្រឹទ្ធសមាជិករដ្ឋសភា បានបន្តដឹកនាំសម័យ ប្រជុំលើកទី១ នីតិកាលទី៧ នៃរដ្ឋសភា ដោយ មានលេខាធិការអង្គប្រជុំ ចំនួន ៥រូប ជាបេក្ខជន ជាប់ឆ្នោតជាតំណាង រាស្ត្រដែលមានអាយុតិចជាងគេ ជាជំនួយការ។
តាមរយៈសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំដំបូង និងសម័យប្រជុំលើកទី១ នីតិកាលទី៧ នៃរដ្ឋសភា ថ្ងៃទី២១ ខែសីហា ឆ្នាំ ២០២៣ បានឱ្យដឹងថា របៀបវារៈនៃសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ មានរបៀបវារៈចំនួន ២ គឺ
១- ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា បានអាននូវបញ្ជី បេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រ នីតិកាលទី៧ តាមលំដាប់អាយុពីខ្ពស់មកទាប ដូចមានភា្ជប់ មកជាមួយនូវ សេចក្តីប្រកាសស្តីពីការសម្រេចនៃសុពលភាពនៃអាណត្តិរបស់តំណាងរាស្ត នីតិកាលទី៧ នៃរដ្ឋសភា ។
២- ការអនុម័តបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា នីតិកាលទី៧។ អង្គរដ្ឋសភាបានអនុម័តយល់ព្រមលើបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា នីតិកាលទី៧ ទាំងមូល នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ នាសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧។
សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា បានយាង និងអញ្ជើញ សម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ ជាតំណាង រាស្ត្រនីតិកាលទី៧ទាំងអស់ ធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែង នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៤:០០រសៀល នៅព្រះបរមរាជវាំង។
សម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ នឹងបន្តនៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៨:០០ព្រឹក ដើម្បីជ្រើសតាំងប្រធាន អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធានគណៈកម្មការជំនាញទាំងអស់ នៃរដ្ឋសភា និងផ្តល់សេចក្តីទុកចិត្តចំពោះរាជរដ្ឋាភិបាល៕
No comments