សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ខ្លាមាស ធីវី អនឡាញ / ទីស្នាក់ការកណ្តាល ៖ ភូមិក្បាលស្ពាន២ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ / ទំនាក់ទំនង / Tele: 088 665 5959 / 077414199

Breaking News

សម្តេចធិបតី បញ្ជាក់ពីការបន្ត និងពង្រឹងកិច្ចសហប្រត្តិការល្អនៅក្នុងវិស័យដែលមានស្រាប់ ព្រមជាមួយនឹងទិសដៅក្នុងពង្រីកបន្ថែម នៅក្នុងវិស័យសក្តានុពលផ្សេងៗទៀតជាមួយប្រទេសគុយបា

ដោយ :Klameastvonline.com
សម្តេចធិបតី បញ្ជាក់ពីការបន្ត និងពង្រឹងកិច្ចសហប្រត្តិការល្អនៅក្នុងវិស័យដែលមានស្រាប់ ព្រមជាមួយនឹងទិសដៅក្នុងពង្រីកបន្ថែម នៅក្នុងវិស័យសក្តានុពលផ្សេងៗទៀតជាមួយប្រទេសគុយបា
ចេញផ្សាយ ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២៣

នាល្ងាច ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ នៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី ក្រុងតាខ្មៅ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយ ឯកឧត្តម មីហ្គែល ឌីយ៉ាស-ខាណែល ប៊ឺមូដេស ប្រធានាធិបតី នៃសាធារណរដ្ឋគុយបា ស្របពេលដែលចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែត្រូវបានពង្រឹង និងលើកកម្ពស់ក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ ដូចដែលឆ្លុះបញ្ចាំងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ច និងការជួបពិភាក្សាការងារ ជាញឹកញាប់ រវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។

ឆ្លៀតនាឱកាសនោះ សម្តេចធិបតី បាថ្លែងអំណរគុណចំពោះការផ្តួចផ្តើមឱ្យមានជំនួបតាមទូរស័ព្ទ, ការអបអរសាទរ និងបានជម្រាបជូន ឯកឧត្តម ប្រធានាធិបតី ផងដែរ នូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ។


បន្ថែមលើទំនាក់ទំនងប្រវត្តិសាស្ត្រល្អៗ, សម្តេចធិបតី បានសម្តែងនូវការអរគុណចំពោះជំនួយឧបត្ថម្ភ និងការគាំទ្រ របស់គុយបា ក្នុងអំឡុងពេលដែលកម្ពុជាជួបប្រទះនូវការលំបាកបំផុត ជាពិសេសនៅក្រោយថ្ងៃរំដោះចេញពីរបបខ្មែរក្រហម ដែលទាំងអស់នេះពិតជាបានឆ្លុះបញ្ចាំងអំពីទំនាក់ទំនងប្រកបដោយសាមគ្គីភាព និង មិត្តភាពដ៏រឹងមាំ រវាងប្រទេស និងប្រជាជនទាំងពីរ។

សម្តេចធិបតី បានអះអាងអំពីស្មារតីនៃការបន្ត និងពង្រឹងកិច្ចសហប្រត្តិការល្អនៅក្នុងវិស័យដែលមានស្រាប់ ព្រមជាមួយនឹងទិសដៅក្នុងពង្រីកបន្ថែម នៅក្នុងវិស័យសក្តានុពលផ្សេងៗទៀត។ ក្នុងន័យនេះ, សម្តេចធិបតី បានគាំទ្រ និងជំរុញឱ្យមានការរៀបចំកិច្ចពិគ្រោះយោបល់នយោបាយលើកទី៣ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ នៅក្នុងពេលឆាប់ៗខាងមុខ ដើម្បីជំរុញការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា និងកិច្ចព្រមព្រៀងនានា ដែលត្រូវបានចុះហត្ថលេខារួច ឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។


សូមជម្រាបជូនថា ក្នុងជំនួបខាងលើ ឯកឧត្តម ប្រធានាធិបតីគុយបា បានសម្តែងនូវការអបអរសាទរជូនចំពោះ សម្តេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបានផ្តាំផ្ញើនូវការសួរសុខទុក្ខ និងអបអរសាទរជូន សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ។

ឯកឧត្តម ប្រធានាធិបតី ក៏បានគូសបញ្ជាក់ឡើងវិញអំពីការប្តេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា ដោយផ្អែកលើទំនាក់ទំនងជាប្រវត្តិសាស្ត្រដ៏យូរលង់ និង អំពីការបន្តគាំទ្រគ្នាទៅវិញទៅមក នៅក្នុងវេទិកាពហុភាគីនានា។ ទន្ទឹមគ្នានេះ, ឯកឧត្តម ប្រធានាធិបតី ក៏បានរំឭកនូវអនុស្សាវរីយ៍ល្អៗ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោ នៅសាធារណរដ្ឋគុយបា កាលពីខែកញ្ញា ឆ្នាំ២០២២ ដែលត្រូវបានចាត់ទុកថាជាឆ្នាំដ៏សំខាន់នៃការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ដូចស្តែងឡើងតាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា លើវិស័យជាច្រើន ដូចជា កសិកម្ម, សុខាភិបាល, អប់រំ និងកីឡា ជាដើម។


ឯកឧត្តម ប្រធានាធិបតី បានអញ្ជើញ សម្តេចធិបតី ធ្វើទស្សនកិច្ចផ្លូវការ នៅ សាធារណរដ្ឋគុយបា ក្នុងពេលសមស្របណាមួយ ។ ជាការឆ្លើយតបនឹងការអញ្ជើញ, សម្តេចធិបតី បានថ្លែងអំណរគុណ និងបានគូសបញ្ជាក់ថា សាធារណរដ្ឋគុយបា ជាប្រទេសដែល សម្តេចធិបតី មានបំណងចង់អញ្ជើញទៅ ហើយ សម្តេចធិបតី នឹងកំណត់ពេលវេលាសមស្របណាមួយ ក្នុងពេលឆាប់ខាងមុខ៕



No comments