សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ខ្លាមាស ធីវី អនឡាញ / ទីស្នាក់ការកណ្តាល ៖ ភូមិក្បាលស្ពាន២ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ / ទំនាក់ទំនង / Tele: 088 665 5959 / 077414199

Breaking News

នាយករដ្ឋមន្ត្រីថៃ អញ្ជើញមកដល់កម្ពុជា សម្រាប់ទស្សនកិច្ចផ្លូវការលើកដំបូងរយៈពេលមួយថ្ងៃ

ដោយ :Klameastvonline.com

ភ្នំពេញ ចេញផ្សាយថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣
ឯកឧត្តម សេដ្ឋា វីស៊ីន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកដល់កម្ពុជាហើយ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ តាមជើងយន្តហោះពិសេស ដើម្បីបំពេញទស្សនកិច្ចផ្លូវការលើកដំបូងរយៈពេលមួយថ្ងៃ ដែលជាការតបតាមការអញ្ជើញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងអន្តរជាតិបានឱ្យដឹងថា ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជា ឯកឧត្តមនាយករដ្ឋមន្ត្រីថៃ នឹងអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្ដម សីហនុ “ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជា ណាចក្រកម្ពុជា នៅមណ្ឌបព្រះបរមរូប។ នាយករដ្ឋមន្ត្រីទាំងពីរនឹងមានជំនួបទ្វេភាគី ក្នុងគោលបំណងកំណត់ទិសដៅសកម្មភាព ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។ ភាគីទាំងពីរក៏នឹងផ្លាស់ប្តូរទស្សនៈ ស្ដីពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍និងក្តីបារម្ភរួម។

បន្ថែមពីនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក៏នឹងធ្វើការប្រគល់ទទួលនូវ “មជ្ឈមណ្ឌលសំចតនិងស្តារនីតិសម្បទាសម្រាប់ជនរងគ្រោះដោយ អំពើជួញដូរមនុស្សនិងក្រុមជនងាយរងគ្រោះដទៃទៀត” ដែលមានទីតាំងស្ថិតនៅក្រុងប៉ោយប៉ែត ដែលជាគំនិតផ្ដួចផ្ដើមនៃកិច្ចសហប្រតិបត្តិការទ្វេភាគី។

ឯកឧត្តម សេដ្ឋា វីស៊ីន នឹងអញ្ជើញចូលជួបសម្តែងការគួរសមដាច់ដោយឡែកចំពោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។

ដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់ ឯកឧត្ដមនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន មកកាន់ កម្ពុជា នឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណី និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ពហុវិស័យ រវាងប្រទេសទាំងពីរស្របតាមស្មារតីនៃ «ការពង្រឹងភាពជាដៃគូដើម្បីសន្តិភាពនិងវិបុលភាព» ដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំង រួមចំណែកដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព ក្នុងសហគមន៍អាស៊ាន និងអន្តរជាតិ៕



No comments