លោក នួន នី និងថ្នាក់ដឹកនាំសមាគមសារព័ត៌មានសុក្រឹតអញ្ជើញចូលជួបសម្តែងការគួសម ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន!!!
ភ្នំពេញ៖ថ្ងៃព្រហស្បតិ៍ ៨ កើត ខែបុស្ស ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ លោក នួន នី ប្រធានសមាគម សារព័ត៌មានសុក្រឹត និងថ្នាក់ដឹកនាំសមាគមអញ្ជើញ ចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងទទួលនូវអនុសាសន៍ណែនាំដើម្បីអនុវត្តការងាររបស់សមាគមរួមចំណែកលើកកម្ពស់ក្រមសីលធម៍ និងវិជ្ជាជីវៈអ្នកសារព័ត៌មាននៅទីស្តីការក្រសួង។
ជាកិច្ចចាប់ផ្ដើមលោក នួន នី ប្រធានសមាគមសារព័ត៌មានសុក្រឹត បានអាននូវរបាយការណ៍សមាគម ដើម្បីបង្ហាញអំពីការចាប់កំណើតនៃសមាគមដោយទទួលបានច្បាប់អនុញ្ញាតពីក្រសួងមហាផ្ទៃកាលពីថ្ងៃ១៣ខែមិថុនា ឆ្នាំ ២០២៣ រហូតដល់បច្ចុប្បន្នមានរយៈពេលចំនួន៧ខែ០៣ថ្ងៃ ដោយមានការទទួលស្គាល់អនុញ្ញាតលើវិស័យព័ត៌មាន របស់ក្រសួងព័ត៌មាននាថ្ងៃ៣០ខែតុលាឆ្នាំ២០២៣ មានចាងហ្វាងអង្គភាពចំនួន ២៦អង្គភាពនិងសមាជិកសមាជិកាចំនួន៤២នាក់ និងសហការជាដៃគូជាមួយលោក សរ ដារ៉ា ប្រធានសហភាពសហជីពការងារសន្តិភាពដែលមានសហព័ន្ធសហជីពចំនួន០៧ សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួន០៤។
លោកប្រធានសមាគមក៏បានបង្ហាញពីគោលបំណងនិងទិសដៅរបស់សមាគម ដែលមានគោលបំណងលើកកម្ពស់វិស័យព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល លើវិស័យព័ត៌មានឱ្យស្របតាមគោលនយោបាយ និងព្យាយាមលើកស្ទួយធនធានមនុស្សក្នុងវិស័យព័ត៌មានតាមរយៈការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងចូលរួមកិច្ចការងារផ្សព្វផ្សាយផ្សេងៗដើម្បីលើកកម្ពស់ការអប់រំច្បាប់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសចូលរួមការងារប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។
ក្នុងកិច្ចប្រជុំនោះដែរឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន មានអនុសាសន៍ណែនាំដល់អ្នកសារព័ត៌មានយើងត្រូវតែខិតខំបន្តវឌ្ឍនភាព ត្រូវព្យាយាមផ្តល់បទពិសោធន៍ ចែករំលែកចំណេះដឹងដល់បងប្អូនអ្នកសារព័ត៌មាន ព្រោះដឹងហើយថាអាជីពជាអ្នកសារព័ត៌មានគឺជាអាជីពមួយដ៏លំបាក គឺជាអាជីពមួយត្រូវការចំណេះដឹង និងបទពិសោធន៍ ។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានមានអនុសាសន៍សង្កត់យ៉ាងធ្ងន់វាយតម្លៃខ្ពស់និងសរសើរលើកទឹកចិត្តគាំទ្រសមាគមសារព័ត៌មានសុក្រឹតសូមបន្តសកម្មភាពរបស់ខ្លួន ដែលបានប្តេជ្ញាចិត្តមានគោលបំណងក្នុងការបើកដំណើរការនៅវគ្គបណ្តុះបណ្តាលផ្នែកចំណេះដឹងក្នុងវិស័យព័ត៌មាន ដល់បងប្អូនអ្នកសារព័ត៌មាន ជាពិសេសចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្សព្វផ្សាយព័ត៌មានពិត និងចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។
ឆ្លៀតឱកាសក្នុងអង្គប្រជុំនោះដែរលោក នួន នី ប្រធានសមាគមក៏បានលើកសំណូមពរជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានចំនួន៣សំណួរពាក់ព័ន្ធនឹងកាតក្រសួងឬកាតសមាជិកនៃអង្គភាព តើក្រសួងព័ត៌មានអនុញ្ញាតឲ្យដំណើរការនៅពេលណាហើយអ្នកសារព័ត៌មានយើងតើតម្រូវឲ្យមានសញ្ញាបត្រទុរិយភូមិឬបរិញ្ញាបត្រទើបអាចបើកដំណើរការអាជីវកម្មឬតអាជ្ញាប័ណ្ណជាពិសេសអ្នកសារព័ត៌មានយើងចុះផ្សាយព័ត៌មានពិតដើម្បីប្រយោជន៍រួមសាធារណៈបែរជារងពាក្យបណ្ដឹងទៅវិញ។
ក្រោយពីរមានសំនួរសំណូមពរពីប្រធានសមាគមឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានអនុសាសន៍ថាជុំវិញនឹងការធ្វើកាតក្រសួង ខាងក្រសួងកំពុងតែមមាញឹកក្នុងការពន្លឿនជុំវិញពាក់ព័ន្ធនិងខ្យូអាកូដដើម្បីបើកដំណើរការនៅពេលឆាប់ៗនេះចុងខែមករាជូនអ្នកសារព័ត៌មានទូទាំងប្រទេសនិងអនុញ្ញាតឲ្យអ្នកសារព័ត៌មានទាំងអស់អាចធ្វើកាតក្រសួងបានដោយគ្មានកំណត់ និងអនុញ្ញាតិអោយប្រធានអង្គភាពនីមួយៗអាចធ្វើកាតអង្គភាពរបស់ខ្លួនបានដោយតម្រូវស្នើសុំខ្យូអាកូដពីក្រសួងព័ត៌មានដើម្បីយកទៅភ្ជាប់នៅក្នុងកាតអង្គភាពរបស់ខ្លួនងាយនឹងក្រសួងព័ត៌មានក្តាប់ជាប់ចំនួនអ្នកសារព័ត៌មានពិតជាក់លាក់។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានអនុប្រសាសន៍បន្តថាជុំវិញសាមីអង្គភាពដែលបានចុះបញ្ជីការត្រឹមត្រូវនិងមានលិខិតអនុញ្ញាតពីក្រសួងព័ត៌មានឬអាជ្ញាប័ណ្ណ ដោយពួកគាត់ដែលមានបទពិសោធន៍ជាយូរមកហើយឬក៏មានជំនាញច្បាស់លាស់ខាងក្រសួងនិងអនុញ្ញាតឱ្យបន្តអាជីវកម្មរបស់ខ្លួនដដែលដោយមិនតម្រូវភ្ជាប់ជាមួយឯកសារសញ្ញាបត្រទុរិយភូមិឬបរិញ្ញាបត្រនោះទេតែចំពោះអង្គភាពទើបនឹងបង្កើតថ្មីគឺខាងក្រសួងព័ត៌មានតម្រូវឲ្យមានសញ្ញាបត្រទុរិយភូមិឬបរិញ្ញាបត្រដើម្បីភ្ជាប់មកជាមួយក្នុងការស្នើសុំអាជ្ញាប័ណ្ណដើម្បីប្រកអាជីវកម្មក្នុងវិស័យព័ត៌មាន។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានមានអនុសាសន៍បន្ថែមថាជុំវិញការចុះផ្សាយព័ត៌មានពិតដោយមានប្រភពច្បាស់លាស់យ៉ាងណាក៏ដោយបើយើងយករូបគេទៅផ្សាយដោយគ្មានការអនុញ្ញាតវាខុសទៅវិជ្ជាជីវៈនិងក្រមសីលធម៌ ឯកឧត្តមបានផ្ដល់អនុសាសន៍ថាយើងអាចចុះផ្សាយបានតែរូបបុគ្គលដែលពាក់ព័ន្ធត្រូវបិទព្រាល ឬបិទភ្នែករបស់គេ ទើបមិនប៉ះពាល់ដល់សិទ្ធិរបស់បុគ្គលនិងប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់គេ។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន មានអនុសាសន៍ជំនួយស្មារតីថា អ្នកសារព័ត៌មានត្រូវចាំថាអ្នកសារព័ត៌មានមិនមែនជាមន្ត្រីយុត្តិធម៌នោះទេ អ្នកសារព័ត៌មានមិនមែនជាតុលាការកាត់ក្តីឲ្យឈ្នះចាញ់នោះទេ ហើយអ្នកសារព័ត៌មានមិនមានអធិបញ្ជាឲ្យអ្នកណាម្នាក់ធ្វើតាមខ្លួនឯងនោះទេ អ្នកសារព័ត៌មានត្រូវចាំថាខ្លួនជាកញ្ចក់ឆ្លុះបញ្ចាំងសង្គមនិងជាដៃគូមិនអាចខ្វះបានក្នុងការអភិវឌ្ឍប្រទេស។
ជាកិច្ចបញ្ចប់អង្គប្រជុំឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានមានអនុសាសន៍ជូនពរដល់សមាគមសារព័ត៌មានសុក្រឹតនិងថ្នាក់ដឹកនាំទាំងអស់ខិតខំប្រឹងប្រែងបន្តការងាររបស់ខ្លួនចេះសាមគ្គីភាពផ្ទៃក្នុងនិងចេះអត់ឱនឱ្យគ្នាទៅវិញទៅមកទើបសមាគមរីកចម្រើនទៅមុខនិងជូនពរជួបតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ៗគ្នា។
No comments