សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ខ្លាមាស ធីវី អនឡាញ / ទីស្នាក់ការកណ្តាល ៖ ភូមិក្បាលស្ពាន២ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ / ទំនាក់ទំនង / Tele: 088 665 5959 / 077414199

Breaking News

សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ អគារលេខាធិការដ្ឋានសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ ដើម្បីបង្កលក្ខណៈងាយស្រួលការផ្តល់សេវាសាធារណៈជូនដល់ធុរជន ឬវិនិយោគិន

ដោយ :Klameastvonline.com

 


 ត្បូងឃ្មុំ : ថ្ងៃទី២៣ខែកុម្ភៈ ឆ្នាំ២០២២ សភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០២២ បានប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារលេខាធិការដ្ឋាន ក្រោមអធិបតីភាព ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការ តំណាងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

ក្នុងនោះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្តំណាងអភិបាលខេត្ត ឯកឧត្តម ឯម ដេត តំណាងប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្ម តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា ហេង ឡុង អគ្គនាយកចំការបឹងកេត លោកឧកញ៉ា សូ សេត និងលោកឧកញ៉ា សុខ ហ៊ាង ប្រធានសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ ព្រមទាំង លោកឧកញ៉ា លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធ។

បើតាមលោកឧកញ៉ា សុខ ហ៊ាង ប្រធានសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ បានឱ្យដឹងថា សភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ មានប្រធាន១រូប អនុប្រធាន៨រូប មានអគារផ្ទាល់ដីទំហំ ១៦ម x ២០ម ចែកចេញជា០៤បន្ទប់ ក្នុងនោះមានសាលប្រជុំធំ សាលកណ្តាល បន្ទប់ទទួលភ្ញៀវ និងបន្ទប់ទឹក ព្រមទាំងប្រព័ន្ធទឹកស្រោចស្រពដើមធ្នង់ និងដើមផ្កានានាលម្អលើកសម្រស់អគារ។

លោកឧកញ៉ា ប្រធានសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ ក៏បានថ្លែងអំណរគុណដល់លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានជំរុញឱ្យសភាពាណិជ្ជកម្មសាងសង់អគារលេខាធិការដ្ឋានរបស់ខ្លួន លោកឧកញ៉ា សូ សេត បានផ្តល់នូវដី ១,២៥២ ម៉ែតការ៉េ និងលោកឧកញ៉ា ហេង ឡុង ប្រធានអគ្គនាយកចំការកៅស៊ូបឹងកេត ឧបត្ថម្ភនូវទឹកប្រាក់ ចំនួន ៧,០០០ ដុល្លារសម្រាប់សាងសង់អគារ ព្រមទាំងការចូលរួមឧបត្ថម្ភទាំងថវិកា កម្លាំងកាយចិត្តពី ឯកឧត្តម លោកឧកញ៉ា ដែលជាប្រធាន អនុប្រធាន និងសមាជិកសមាជិកាទាំងអស់ នៃសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ ។

ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្តត្បូងឃ្មុំ បានបញ្ជាក់ផងដែរថា អគារសភាពាណិជ្ជកម្មនេះ ជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ខេត្ត និងបង្កលក្ខណៈងាយស្រួលដល់ការផ្តល់សេវាសាធារណៈជូនដល់ធុរជន ឬវិនិយោគិន ដើម្បីមានលទ្ធភាពចូលរួមលើការវិនិយោគ ការប្រកបមុខរបរ និងសកម្មភាពសេដ្ឋកិច្ច សង្គមដទៃទៀត ដើម្បីធ្វើឱ្យខេត្តត្បូងឃ្មុំប្រែក្លាយតំបន់ទីរួមខេត្តនេះទៅជាមជ្ឈមណ្ឌល រដ្ឋបាលប្រមូលផ្តុំ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ត្រ និងអប់រំកសាងបណ្តុះបណ្តាលធនធានមនុស្ស។

មានប្រសាសន៍សំណេះសំណាលឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលថ្មីមួយនេះ ដែលបង្ហាញពីសាមគ្គីភាពផ្ទៃក្នុង ក្នុងការចូលរួមជួយឧបត្ថម្ភគាំទ្រ ទាំងទីតាំង និងអគារផុសចេញជារូបរាងឡើង។

ក្នុងឱកាសនោះឯកឧត្តម បួន សារៈមុនី បានលើកឡើងប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែលើកឡើងថា «វិស័យឯកជនជាក្បាលម៉ាស៊ីន និងជាកម្លាំងចលករចូលរួមជួយបង្កើនសេដ្ឋកិច្ចកម្ពុជា» អ្វីដែលសំខាន់ជាងនះទៅទៀត គឺកត្តាសុខសន្តិភាព ជាកត្តាចម្បងសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។

បន្ថែមពីនេះទៀតឯកឧត្តមបញ្ជាក់ថា ថ្មីៗនេះកត្តាដែលកម្ពុជាជោគជ័យបំផុតនោះគឺ កត្តាការពារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកម្ពុជាបើកប្រទេសបានមុនគេ ធ្វើឱ្យទ្វារសេដ្ឋកិច្ចបើកជំហរនឹងកើនឡើងដូចគ្នា។

No comments