សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ខ្លាមាស ធីវី អនឡាញ / ទីស្នាក់ការកណ្តាល ៖ ភូមិក្បាលស្ពាន២ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ / ទំនាក់ទំនង / Tele: 088 665 5959 / 077414199

Breaking News

លោកវរសេនីយ៍ឯក សៀ ទីន និងអតីតសិក្ខាកាមកងយោធពលខេមរភូមិន្ទ ដែលបានបញ្ចប់ការសិក្សានៅបណ្ឌិត្យសភាយោធាអូស្ត្រាលី អបអរសាទរដល់ សិស្សប្អូនចំនួនពីររូប ដែលទើបបានបញ្ចប់ការសិក្សា!!!

ដោយ :Klameastvonline.com


លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាប្រធានក្រុមអតីតសិក្ខាកាមកងយោធពលខេមរភូមិន្ទ ដែលបានបញ្ចប់ការសិក្សានៅបណ្ឌិត្យសភាយោធាអូស្ត្រាលី និងអតីតសិក្ខាកាមរៀមច្បងទាំងអស់ សូមចូលរួមអបអរសាទរចំពោះសិស្សប្អូន សុណ្ណារ៉ា វិសាល និង រ៉ាឌី ឧត្តម ដែលបានបញ្ចប់ការសិក្សាវគ្គនាយទាហានសកម្មទ័ពជើងគោកនៅសាលាភូមិន្ទយោធាអូស្រា្តលីប្រកបទៅដោយជោគជ័យគួរជាទីមោទក។ 


គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅមហាវិទ្យាល័យភូមិន្ទយោធាអូស្រា្តលី ដាន់ឌ្រូន (Royal Military College – Duntroon) រាជធានីកង់បេរ៉ា លោក សុណ្ណារ៉ា វិសាល និងលោក រ៉ាឌី ឧត្តម បានដើរព្យុះហយាត្រាបញ្ចប់ការសិក្សាវគ្គនាយទាហានសកម្មទ័ពជើងគោកនៅសាលាភូមិន្ទយោធាអូស្រា្តលីប្រកបទៅដោយជោគជ័យ និងបំពាក់ឋាន្តនរសក្តិ៍ជានាយទាហានកងយោធពលខេមរភូមិន្ទ ក្រោយពីបានឆ្លងកាត់ការបណ្តុះបណ្តាលអស់រយៈពេលបួនឆ្នាំនៅប្រទេសអូស្រ្តាលី (ក្នុងនោះសិក្ខាកាមម្នាក់ៗ ត្រូវសិក្សារយៈពេល៣ឆ្នាំនៅបណ្ឌិត្យសភាកងទ័ពការពារជាតិអូស្ត្រាលីនិងត្រូវបន្តការហ្វឹកហ្វឺនមួយឆ្នាំចុងក្រោយ នៅមហាវិទ្យាល័យភូមិន្ទយោធាអូស្រ្តាលី-ដាន់ឌ្រូន ដែលជាស្ថាប័នសម្រាប់ បណ្តុះបណ្តាល និងហ្វឹកហ្វឺនអនាគតនាយទាហាន នៃកងទ័ពការពារជាតិអូស្ត្រាលី ក៏ដូចជាសិក្ខាកាមយោធាមកពីបណ្តាប្រទេសជាមិត្ត។


លោក សុណ្ណារ៉ា វិសាល និងលោក រ៉ាឌី ឧត្តម បានក្លាយជានាយទាហាន ក្នុងចំណោមនាយទាហាននៃកងយោធពលខេមរភូមិន្ទចំនួន១២រូប ដែលបានបញ្ចប់ការសិក្សានៅបណ្ឌិត្យសភាកងទ័ពការពារជាតិអូស្ត្រាលី (Australian Defence Force Academy) និងមហាវិទ្យាល័យភូមិន្ទយោធាអូស្រ្តាលី-ដាន់ឌ្រូន ដែលពេលត្រឡប់មកកម្ពុជាវិញ នាយទាហានទាំងពីររូបនេះនឹងចូលរួមបំពេញការងារជូនកងយោធពលខេមរភូមិន្ទ និងត្រូវបានទទួលចូលជាសមាជិកក្រុមសិក្ខាកាមកងយោធពលខេមរភូមិន្ទ ដែលបានបញ្ចប់ការសិក្សានៅបណ្ឌិត្យសភាយោធាអូស្ត្រាលី (RCAF ADFA and RMC-D Alumni) ឬហៅកាត់ថា RARA ដែលមានលោក សៀ ទីន ជាប្រធានក្រុមផងដែរ។


ពិធីបញ្ចប់ការសិក្សារបស់ លោក សុណ្ណារ៉ា វិសាល និង លោក រ៉ាឌី ឧត្តម ត្រូវបានប្រារព្ធឡើង អមដោយព្យុះហយាត្រានៃកងឯកភាព សិក្ខាកាម យោធា ដ៏គគ្រឹកគគ្រេង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៃឯកឧត្តម អគ្គទេសាភិបាលប្រមុខរដ្ឋអូស្ត្រាលី រួមទាំងតំណាងនាយឧត្តមសេនីយ៍អគ្គមេបញ្ជាការកងទ័ពការពារជាតិអូស្ត្រាលី មេបញ្ជាការកងទ័ពជើងគោក និងតំណាងប្រទេសកម្ពុជាដែលមានវត្តមានជាពិសេសនៃគណប្រតិភូកងយោធពលខេមរភូមិន្ទដឹកនាំដោយ លោកឧត្ដមសេនីយ៍ត្រី ផន ឬទ្ធីសក្តិ ព្រមទាំងវត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ជឺនបូរាណ ចន្ទ័បូរី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសអូស្រ្តាលី និងណូវ៉ែលហ្សេឡង់។


ព្រះរាជាណាចក្រកម្ពុជាជាប្រទេសស្នេហាសន្តិភាព តែក៏ត្រូវការជាចាំបាច់នូវធនធានមនុស្សដែលមានសមត្ថភាពក្នុងវិស័យការពារជាតិ ដើម្បីធានាឲ្យបាននូវកិច្ចការពារបូរណភាពទឹកដី ស្ថេរភាព ការអភិវឌ្ឍ ព្រមទាំងសន្តិភាពដែលបានមកទាំងលំបាក។ ដូច្នេះហើយទើបរាជរដ្ឋាភិបាលកម្ពុជា និងកងយោធពលខេមរភូមិន្ទ បានសហការជាមួយបណ្ដាប្រទេសជាមិត្ត បញ្ចូនសិក្ខាកាមនាយទាហានវ័យក្មេងទៅធ្វើការសិក្សា និងហ្វឹកហ្វឺននៅក្រៅប្រទេស ដើម្បីយកបទពិសោធន៍ និងចំណេះដឹងទាំងនោះមកជួយកសាងមូលដ្ឋានគ្រឹះក្នុងវិស័យការពារជាតិនៅក្នុងប្រទេសឲ្យកាន់តែរឹងមាំ និងឋិតថេរគង់វង្ស។


កន្លងមក ក្រុមសិក្ខាកាមកងយោធពលខេមរភូមិន្ទ ដែលបានបញ្ចប់ការសិក្សានៅបណ្ឌិត្យសភាយោធាអូស្ត្រាលី បានចូលរួមបំពេញការងារជូនអង្គភាពជាច្រើន នៃកងយោធពលខេមរភូមិន្ទ ប្រកបដោយប្រសិទ្ធិភាពខ្ពស់ និងត្រូវបានទទួលស្គាល់ជាប្រភពធនធានដ៏ល្អដើម្បីបន្តការដឹកនាំទៅថ្ងៃអនាគត ពីសំណាក់ថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទផងដែរ៕



No comments