សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ខ្លាមាស ធីវី អនឡាញ / ទីស្នាក់ការកណ្តាល ៖ ភូមិក្បាលស្ពាន២ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ / ទំនាក់ទំនង / Tele: 088 665 5959 / 077414199

Breaking News

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំក្រុមការងាររាជរដ្ឋាភិបាល សហការ និងគាំទ្ររដ្ឋបាលខេត្តព្រៃវែង រួមចំណែកអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ឱ្យជោគជ័យ!!!

ដោយ :Klameastvonline.com

ភ្នំពេញថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣
ព្រៃវែង ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ បានណែនាំថ្នាក់ដឹកនាំ និងសមាជិក សមាជិការ ក្រុមការងាររាជរដ្ឋបាល បន្តផ្ដល់កិច្ចសហការនិងគាំទ្រដល់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ នៃខេត្តព្រៃវែង អនុវត្តឱ្យបានជោគជ័យនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។

ឯកឧត្ដមបញ្ជាក់ថា យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ មានបាវចនាចំនួន៥ គឺ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។ ទន្ទឹមនេះ មានអាទិភាពគន្លឹះចំនួន៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា។ ជាពិសេសគឺ បច្ចេកវិទ្យាឌីជីថល សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងបរិវត្តកម្ម ឌីជីថល នៃសេដ្ឋកិច្ចនិងសង្គមកម្ពុជា ព្រមទាំងតម្រូវការក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជាគ្រឹះនិងជាមធ្យោបាយដ៏សំខាន់នៃការសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។

ការជំរុញឱ្យក្រុមការងាររាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តព្រៃវែង រួមគ្នាអនុវត្តឱ្យបានជោគជ័យ នូវយុទ្ធសាស្ត្របញ្ចកោណ ត្រូវបាន ឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី គូសបញ្ជាក់ក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដែលត្រូវបានកែសម្រួលបន្តពីក្រុមការងាររាជរដ្ឋាភិបាល នីតិកាលទី៦ ដែលកន្លងមកមានសម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីមហាផ្ទៃកម្ពុជា ជាប្រធានក្រុមការងារ។

ពីវេទិកាអធិបតី នៃពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាល ដែលធ្វើឡើងនៅសាលាខេត្តព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានសម្ដែងនូវសេចក្ដីស្ញប់ស្ញែងចំពោះគំរូវីរភាពនៃការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្ដេចអគ្គមហាសេនាតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៃកម្ពុជា ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្ដេចក្រឡាហោម អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាអតីតប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរ និងថ្លែងអំណរគុណ ចំពោះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់ថ្នាក់នៃខេត្តព្រៃវែង ដែលក្នុងនីតិកាលទី៦កន្លងទៅ បានខិតខំបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ ធ្វើឱ្យប្រជាពលរដ្ឋក្នុងខេត្ត និងទូទាំងប្រទេសមានភាពកក់ក្ដៅ និងកាន់តែជឿជាក់លើរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ ជាពិសេសលើការរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ ការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងការស្ដារជីវភាពសង្គមឡើងវិញក្រោយវិបត្តជំងឺឆ្លងនេះ។

នាឱកាសនោះដែរ ទន្ទឹមនឹងការប្រកាសសមាសភាពក្រុមការងារ អាណត្តិថ្មី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារខេត្ត ក៏បានណែនាំឱ្យពន្លឿនការប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានថ្នាក់ ក្រុង ស្រុក និងឃុំ សង្កាត់ នៃខេត្តព្រៃវែង ហើយចាប់ផ្ដើមពិនិត្យឡើងវិញនូវសំណើ សំណូមពរប្រពលរដ្ឋដែលមិនទាន់បានដោះស្រាយ ហើយបន្តចុះទៅមូលដ្ឋាន និងធ្វើវេទិកាសាធារណៈ ដើម្បីស្វែងយល់ពីតម្រូវការចាំបាច់ និងរួមគ្នាដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព៕



No comments