សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ខ្លាមាស ធីវី អនឡាញ / ទីស្នាក់ការកណ្តាល ៖ ភូមិក្បាលស្ពាន២ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ / ទំនាក់ទំនង / Tele: 088 665 5959 / 077414199

Breaking News

រដ្ឋមន្ត្រីការពារជាតិហ្កាណា បង្ហាញ​ពី​បំណង​ចង់ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​សិក្ខាកាម​យោធា​ រវាង​ប្រទេស​ទាំង​ពីរ​ កម្ពុជា-​ហ្កាណា ​

ដោយ :Klameastvonline.com

ភ្នំពេញ៖ចេញផ្សាយថ្ងៃ​ទី០៨ ខែធ្នូ ឆ្នាំ២០២៣

ក្នុង​ឱកាស​ដឹក​នាំ​ប្រតិភូ​ចូល​រួមកិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ ស្តី​ពី​ការ​រក្សា​សន្តិភាព ​ក្នុង​ក្រប​ខ័ណ្ឌ​អង្គការ​សហ​ប្រជា​ជាតិ​លើក​ទី​៧​ នៅ​ទីក្រុង​អាក្រា​ (ACCRA) សាធារណ​រដ្ឋ​ហ្កាណា​ (Ghana) ឯកឧត្តម​នាយ​ឧត្តម​សេនីយ៍​ ទៀ សីហា ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​អម​ដោយ​នាយ​ឧត្តម​សេនីយ៍ ​សែម សុវណ្ណនី អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​ បាន​ជួប​ប្រជុំ​ទ្វេភាគី​ជា​មួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ហ្កាណា ​(Ghana)កាលពីរសៀលថ្ងៃពុធ ៩រោច ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង​ថ្ងៃ​ទី០៦​ ខែ​ធ្នូ ​ឆ្នាំ​២០២៣ ។


ក្នុង​ជំនួប​នោះ ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​ហ្កាណា​ បង្ហាញ​ពី​បំណង​ចង់ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​សិក្ខាកាម​យោធា​ រវាង​ប្រទេស​ទាំង​ពីរ​ កម្ពុជា-​ហ្កាណា ​ក្នុងការ​ហ្វឹក​ហ្វឺន​បណ្តុះ​បណ្តាល​វិស័យ​កង​ទ័ព​ ​អំពី​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​លើ​ជំនាញ​កម្ទេច​គ្រឿង​ផ្ទុះ​កែ​ច្នៃ ​ដែល​កម្ពុជា​បាននិង​កំពុង​អនុវត្តន៍​មុខ​ជំនាញ​នេះ​ ក្នុង​បេសក​កម្ម​ថែ​រក្សា​សន្តិភាព​ ក្រោម​ឆ័ត្រ​អង្គការ​សហ​ប្រជា​ជាតិ​ នា​ពេល​បច្ចុប្បន្ន ។

ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ ទៀ សីហា បាន​ពាំនាំ​នូវ​ការ​សួរ​សុខ​ទុក្ខ​ពី​សម្តេច​ធិបតី ​ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ និង​ថ្លែង​អំណរ​គុណ​ចំពោះ​ប្រទេស​ហ្កាណា ក្នុង​ការ​រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ ​នៃ​កិច្ច​ប្រជុំ​នៅ​ពេល​នេះ​ ។ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ទៀ សីហា បាន​បញ្ជាក់​ថា ​ឆ្នាំ​២០២៣នេះគឺ​ជា​ខួបទី​៣១ឆ្នាំ​ ដែល​ប្រទេសហ្កាណា​បាន​បញ្ជូន​កម្លាំង ​ចូល​រួម​បេសក​កម្ម​អ៊ុនតាក់ (UNTAC) និង​មាន​សមាជិក​២​នាក់ ​បាន​ពលីក្នុង​បេសកកម្ម​ ​ថែ​រក្សា​សន្តិភាព​នៅ​កម្ពុជា​ ។​ ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ បាន​ថ្លែង​អំណរ​គុណ ​ចំពោះ​ការ​លះ​បង់​ដ៏​ធំធេង​ ដើម្បី​បុព្វ​ហេតុ​សន្តិភាព ​ក្នុង​ប្រទេស​កម្ពុជា​ ។


ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​ទៀ សីហា បាន​ស្នើសុំ​ឱ្យអតីត​កង​កម្លាំង​អ៊ុនតាក់ ​ដែល​ធ្លាប់​បាន​បំពេញ​បេសក​កម្ម​ថែ​រក្សា​សន្តិភាព​នៅ​កម្ពុជា ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា ​ដើម្បី​​ពិនិត្យ​មើល​ការ​អភិវឌ្ឍរីក​ចម្រើន​នៅ​ប្រទេស​កម្ពុជា ​ក្រោយ​ពី​កម្ពុជាបាន​ទទួល​សុខ​សន្តិភាព ​ក្នុង​រយៈពេល​ជាង ​២០​ឆ្នាំ​កន្លងមក​នេះ ។ ដោយ​សារ​បច្ចុប្បន្ន​នេះប្រទេស​ហ្កាណា​ មាន​កង​កម្លាំង​រក្សា​សន្តិភាព​នៅ​ក្នុង​ប្រទេស​លី​បង់ ​និង​ស៊ូដង់​ខាងត្បូង​ដូច​កម្ពុជា​ដែរ ​អាស្រ័យ​ហេតុ​នេះ ​ស្នើសុំ​កិច្ច​សហប្រតិបត្តិការ​ ក្នុងការ​ពារ​ដល់​កម្លាំង​កម្ពុជា ដែល​ឈរ​ជើង​ក្នុង​តំបន់​ជា​មួយ​គ្នា​ ករណី​ចាំ​បាច់​ណា​មួយ​កើត​ឡើង ​។​

ជាការ​ឆ្លើយ​តប​​នា​ឱកាស​នោះ​​ ឯកឧត្តម​ រដ្ឋមន្ត្រី​ការពារ​ជាតិ​ហ្កាណា​ ក៏​បាន​បង្ហាញ​ពី​បំណង​ចង់​ឱ្យ​នាយ​ទាហាន​ប្រទេស​ហ្កាណា ​បាន​ត្រឡប់​ទៅ​កម្ពុជា​ម្តង​ទៀត ​ដើម្បី​មើល​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ ពី​ព្រោះ​កម្ពុជា​ពេល​មុន​ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​មិន​ដូច​គ្នា​ទេ​ កម្ពុជាពិតជា​មាន​ការ​អភិវឌ្ឍច្រើន​ ​​។ ប្រសិន​បើ​បាន​ទៅ​ប្រទេស​កម្ពុជា​ម្តង​ទៀត គឺ​​ជា​ឱកាសល្អ​ដើម្បីចែក​រំលែក ​និង​ការ​ផ្លាស់​ប្តូរ​កិច្ច​សហប្រតិបត្តិការ​ រវាង​កង​ទ័ព​ប្រទេស​ទាំង​ពីរ​ កម្ពុជា-ហ្កាណា ។ 

ឯកឧត្តម​ រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​ហ្កាណា បាន​បន្តថា​​ បច្ចុប្បន្ន​កម្លាំង​រក្សា​សន្តិភាព​ហ្កាណា ​បាន​ឈរ​ជើង​នៅ​ស៊ូដង់​ខាង​ត្បូង ​ហើយ​កង​កម្លាំង​ហ្កាណា​ក៏​បាន​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ល្អ ​ជា​មួយ​កង​កម្លាំង​មួក​ខៀវ​កម្ពុជា​ នៅ​ស៊ូដង់​ខាង​ត្បូង​ផង​ដែរ ​។ ​ក្នុង​ន័យ​នេះ ​រដ្ឋមន្ត្រី​ការពារ​ជាតិហ្កាណា ​បាន​ស្នើ​សុំ​ដល់​ឯកឧត្តម​ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ បន្ត​កិច្ច​សហប្រតិ្តបត្តិការ​ជា​មួយ​គ្នា​បន្ត​ទៀត ​នៅ​ស៊ូដង់​ខាង​ត្បូង ​។ ដោ​យ​សារតែ​កម្ពុជាមាន​ជំនាញ ​ក្នុង​ការ​កម្ទេច​គ្រាប់​មិន​ទាន់​ផ្ទុះ ​ដូចនេះហ្កាណា ​ក៏​បាន​ស្នើសុំ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​ជា​មួយហ្កាណា ​លើ​ជំនាញ​កម្ទេច​គ្រាប់​មិនទាន់​ផ្ទុះ ​និង​ប្រឆាំង​បន្សាប​គ្រឿង​ផ្ទុះ​កែច្នៃ​ផង​ដែរ ៕



No comments