ថ្ងៃនេះ គុនល្បុក្កតោ ចាប់ផ្ដើមប្រកួតជើងឯកជាតិ ឆ្នាំ២០២១
ភ្នំពេញៈ នៅថ្ងៃទី២៥ កុម្ភៈនេះ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានបើកការប្រកួតជើងឯកជាតិ ឆ្នាំ២០២១ ដែលការប្រកួត ធ្វើនៅមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡាការាតេ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។ ការប្រកួតជើងឯកជាតិ ឆ្នាំនេះ សហព័ន្ធ សម្រេចដាក់ឲ្យប្រកួត ចំនួន ២១ វិញ្ញាសា ។
អគ្គលេខាធិការរង សហព័ន្ធកីឡាគុនល្បុក្កតោ លោក អ៊ួ តារា បានបញ្ជាក់ថាៈ ការប្រកួត នេះ វាមិនខុសពីយុទ្ធនាការ ចម្រាញ់រកកីឡាករ កីឡាការិនីឆ្នើម ដែលមានសមត្ថភាពខ្ពស់ គុណផលល្អ សម្រាប់ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។
ការប្រកួតនេះ មានកីឡាករ កីឡាការិនី មកពីសំណាក់គុន ទូទាំងប្រទេស ចំនួន ២៨ ចូលរួម ដែលមានកីឡាករ កីឡាការិនី គ្រូបង្វឹក ប្រតិភូ អាជ្ញាកណ្ដាល ចៅក្រម ចំនួន ២៥០ នាក់ ។
វិញ្ញាសាទាំង ២១ នោះ ចែកចេញជាប្រភទ ទម្រង់សម្ដែងទ្វារមេគុនដៃ ទ្វារមេគុន អាវុធឥតមុខ ទ្វារមេគុនអាវុធមានមុខ ទ្វារមេគុនព្រលឹងល្បុក្កតោ ទ្វារមេគុនដៃជាក្រុម សមយុទ្ធបុរស ១ទល់១ សមយុទ្ធនារី១ទល់១ ។ ក្រៅពីនោះ មានប្រភេទវិញ្ញាសាប្រយុទ្ធ ដែលផ្នែកបុរស មានប្រភេទទម្ងន់ ៤៨ ទៅ ៥០ គីឡូក្រាម ៥២ ទៅ ៥៤ គីឡូក្រាម និងទម្ងន់ ៦៤ ទៅ ៦៦ គីឡូក្រាម ។
ចំពោះវិញ្ញាសាប្រយុទ្ធនារីវិញ មានប្រភេទទម្ងន់ក្រោម ៤៥ គីឡូក្រាម ទម្ងន់ ៤៨ ទៅ ៥០ គីឡូក្រាម ទម្ងន់ ៥៣ ទៅ ៥៥ គីឡូក្រាម និងប្រភេទទម្ងន់ ៥៨ ទៅ ៦០ គីឡូក្រាម ។
នេះគឺជាការប្រកួតប្រចាំឆ្នាំ សំខាន់មួយ ដើម្បីវាស់ស្ទង់សមត្ថភាព រួមជាមួយនឹងការពង្រឹង បច្ចេកទេស សម្រាប់ត្រៀមស៊ីហ្គេម ហេតុនេះ កីឡាករ កីឡាការិនីដែលចូលរួមប្រកួត ទាំងអស់ ត្រូវតែបញ្ចេញឲ្យអស់ពីសមត្ថភាព កលល្បិច ដែលខ្លួនមាន ដើម្បីប្រជែងយក ចំណាត់ថ្នាក់ល្អ ដើម្បីចូលរួម ក្នុងក្រុមជម្រើសជាតិ ៕
No comments